តើ BreastScreen SA ជានរណា?
BreastScreen SA ផ្ដល់ជូននូវការថតពិនិត្យដោះដោយឥតគិតថ្លៃ (ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស) រៀងរាល់ពីរឆ្នាំម្ដង ជាចម្បងសម្រាប់គឺស្ត្រីអាយុ៥០ ដល់៧៤ឆ្នាំ។
ការថតពិនិត្យដោះអាចរកឃើញជំងឺមហារីកដោះនៅដំណាក់កាលដំបូង ជាញឹកញាប់នៅមុនពេលគេអាចស្ទាបដឹងថាមានរោគសញ្ញា។ ការរកឃើញជំងឺមហារីកដោះកាន់តែឆាប់ ការព្យាបាលក៏កាន់តែងាយស្រួលដែរ។
BreastScreen SA គឺជាស្ថាប័នប្រចាំរដ្ឋអូស្ត្រាលីខាងត្បូងដែលមានការទទួលស្គាល់ជាផ្លូវការរបស់ BreastScreen Australia ដែលជាកម្មវិធីថ្នាក់ជាតិថតពិនិត្យជំងឺមហារីកដោះចំពោះស្ត្រីដែលពុំមានរោគសញ្ញាជំងឺមហារីក ហើយបានផ្ដល់សេវាកម្មនេះចាប់តាំងពីឆ្នាំ១៩៨៩ មកម៉្លេះ។
ការថតពិនិត្យដោះគឺធ្វើជូនដោយឥតគិតថ្លៃឡើយ ហើយអ្នកមិនចាំបាច់មានការបញ្ជូនពីវេជ្ជបណ្ឌិតដើម្បីធ្វើការណាត់នោះទេ។
តើអ្នកដឹងអំពីការថតពិនិត្យរកជំងឺមហារីកដោះដោយឥតគិតថ្លៃទេ?
តើការថតពិនិត្យដោះជាអ្វី?
ការថតពិនិត្យដោះ គឺជាការថតដោះដោយប្រើកាំរស្មីអិក្ស (ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សក្នុងកម្រិតទាប) សម្រាប់ស្ត្រីដែលពុំមានរោគសញ្ញានៅដោះដូចជាមានដុំពក ការហូរចេញទឹករំអិលពីក្បាលដោះ ឬក៏មានការប្រែប្រួលនៅក្នុងដោះដែលមិនធម្មតា។
ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស ទាក់ទិននឹងការថតយករូបភាពយ៉ាងតិចពីរសម្រាប់ដោះនីមួយៗ - មួយគឺថតពីផ្នែកខាងលើដោះ និងមួយទៀតពីចំហៀងដោះ។ បច្ចុប្បន្ននេះ ការធ្វើតេស្តថតពិនិត្យគឺជាវិធីដ៏មានប្រសិទ្ធិភាពបំផុតដើម្បីរកមើលជំងឺមហារីកដោះដែលមិនអាចអង្កេតរកឃើញ។
ប្រសិនបើស្ត្រីណាម្នាក់មានរោគសញ្ញានៅដោះ នាងចាំបាច់ត្រូវការធ្វើរោគវិនិច្ឆ័យដោយការថតពិនិត្យដោះប្រើកាំរស្មីអិក្ស។ ការធ្វើរោគវិនិច្ឆ័យដោយប្រើកាំរស្មីអិក្សថតពិនិត្យដោះ តម្រូវឱ្យមានការថតរូបភាពដោះជាលម្អិត ដើម្បីឱ្យវេជ្ជបណ្ឌិតអាចវាយតម្លៃរោគសញ្ញា។ ជំងឺមហារីកខ្លះមិនបង្ហាញឱ្យឃើញលើរូបភាពដែលថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សនោះទេ ដូច្នេះការធ្វើតេស្តលម្អិតផ្សេងទៀតប្រហែលជាត្រូវធ្វើដោយចាំបាច់។
នេះហើយជាមូលហេតុដែលការថតពិនិត្យដោះគឺសមប្រកប សម្រាប់តែស្ត្រីដែលពុំមានរោគសញ្ញានៅដោះប៉ុណ្ណោះ។
តើអ្នកណាខ្លះអាចទទួលការថតពិនិត្យដោះ?
BreastScreen SA អញ្ជើញស្ត្រីដែលមានអាយុពី៥០ ទៅ៧៤ឆ្នាំ ឱ្យថតពិនិត្យដោះរៀងរាល់២ឆ្នាំម្ដង។ ភស្ដុតាងបង្ហាញថា ការថតពិនិត្យជាប្រចាំ មានប្រសិទ្ធភាពបំផុតសម្រាប់ក្រុមអាយុនេះ។
ស្ត្រីដែលមានអាយុពី៤០ ទៅ៤៩ឆ្នាំ និងលើសពី៧៥ឆ្នាំទៅ ក៏អាចធ្វើការណាត់សម្រាប់ការថតពិនិត្យដោះដោយឥតគិតថ្លៃបានដែរ ក៏ប៉ុន្តែត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់ពួកគេ នៅពេលធ្វើការសម្រេចថាតើការថតពិនិត្យដោះសមស្របសម្រាប់ពួកគេឬក៏អត់។
ការថតពិនិត្យដោះ មិនមែនជាការធ្វើតេស្តថតពិនិត្យប្រកបដោយប្រសិទ្ធិភាពទេចំពោះស្ត្រីដែលមានអាយុក្រោម៤០ឆ្នាំ។ ទោះជាជំងឺមហារីកដោះអាចកើតមានដល់មនុស្សគ្រប់វ័យ ក៏ជំងឺនេះមិនសូវកើតមានចំពោះស្ត្រីដែលមានអាយុក្រោម៤០ឆ្នាំនោះទេ។
ស្ត្រីដែលមានគ្រួសារសាច់ជិតមានប្រវត្តិជំងឺមហារីកដោះ អាចទទួលការថតពិនិត្យដោះរៀងរាល់ឆ្នាំ ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ។
ដើម្បីទទួលព័ត៌មានអំពីការថតពិនិត្យសម្រាប់ក្រុមអាយុផ្សេងៗទៀត និងព័ត៌មានសម្រាប់ស្ត្រីដែលមានគ្រួសារសាច់ជិតមានប្រវត្តិជំងឺមហារីកដោះ សូមចុច ត្រង់នេះ ។
តើ BreastScreen SA ស័ក្ដិសមនឹងអ្នកឬទេ?
ស្ត្រីខ្លះអាចត្រូវការការថែទាំ និងសេវាកម្មផ្សេងៗគ្នាដែលមិនមែនជាផ្នែកនៃការថតពិនិត្យ។
អ្នកទាំងនេះរួមមានស្ត្រីដែល៖
- មានរោគសញ្ញានៅដោះ (ដូចជាមានដុំពក ការហូរចេញទឹករំអិលពីក្បាលដោះ ឬការប្រែប្រួលនៅក្នុងដោះរបស់ពួកគេ)
- មានប្រវត្តិជំងឺមហារីកដោះ និង/ឬ ជំងឺមហារីកអូវែរ នៅក្នុងគ្រួសារសាច់ជិត
- មានការធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកដោះពីពេលមុន ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយ
- ចលនារាងកាយផ្នែកខាងលើមានលក្ខណៈរឹតត្បិត ឬមានការពិបាកក្នុងការទ្រទ្រង់ទម្ងន់ខ្លួនឯង។
សូមនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក ឬទូរស័ព្ទទៅ BreastScreen SA លេខ 13 20 50 ដើម្បីឱ្យប្រាកដថាអ្នកទទួលបានការថែទាំ និងសេវាកម្មដែលសមស្របបំផុតសម្រាប់អ្នក។
តើខ្ញុំត្រូវណាត់ជួបសម្រាប់ការថតពិនិត្យដោះនៅកន្លែងណា?
BreastScreen SA មានគ្លីនិកជាប់លាប់ចំនួន៨នៅក្នុងតំបន់ជុំវិញជាយក្រុងអាដឺឡែត និងអង្គភាពចល័តចំនួន៣ ផ្នែកថតពិនិត្យដែលធ្វើដំណើរទៅតំបន់ជនបទ ទីដាច់ស្រយាល តំបន់ក្រៅទីក្រុង ហើយនិងតំបន់ជុំវិញក្រុងខ្លះទៀត ជារៀងរាល់២ឆ្នាំម្ដង។ ទីតាំងគ្លីនិកជាប់លាប់របស់យើងមានសរសេរចុះនៅផ្នែកខាងក្រោយនៃកូនសៀវភៅនេះ ហើយបញ្ជីទីតាំងធំទូលាយអាចរកឃើញនៅលើវ៉ិបសៃថ៍របស់យើងនៅ ត្រង់នេះ ។
តើខ្ញុំធ្វើការណាត់ជួបជាមួយ BreastScreen SA យ៉ាងដូចម្តេចទៅ?
ដើម្បីធ្វើការណាត់ជួប អ្នកអាចទូរស័ព្ទមក BreastScreen SA តាមលេខ 13 20 50 នៅចន្លោះម៉ោង៨.៣០ព្រឹក និងម៉ោង៥ល្ងាច។ សូមកត់សម្គាល់ថា យើងចាំបាច់ត្រូវសួរសំណួរអ្នកមួយចំនួនអំពីសុខភាពផ្ទាល់ខ្លួនរបស់អ្នកនៅពេលអ្នកធ្វើការណាត់ជួប ដូច្នេះសូមប្រាកដថា អ្នកមានពេល ហើយស្ថិតនៅកន្លែងដែលអ្នកអាចរក្សាភាពសម្ងាត់របស់អ្នកដើម្បីឆ្លើយសំណួរទាំងនោះ ពេលអ្នកទូរស័ព្ទមកយើង។
វិធីម្យ៉ាងទៀត អ្នកអាច ធ្វើការណាត់ជួបនៅទីនេះ
តើនឹងមានអ្វីកើតឡើងនៅថ្ងៃណាត់ជួបរបស់ខ្ញុំ?
សូមអញ្ជើញមកមុនការណាត់ជួបរបស់អ្នក១០នាទី ដើម្បីឱ្យអ្នកមានពេលច្រើនក្នុងការបំពេញទម្រង់បែបបទយល់ព្រម និងសួរសំណួរ។ សូមកុំភ្លេចយកប័ណ្ណមេឌីឃែររបស់អ្នកមកជាមួយផង។
អ្នកទទួលភ្ញៀវដ៏រាក់ទាក់របស់យើងម្នាក់នឹងធ្វើការពិនិត្យមើលឈ្មោះពេញរបស់អ្នក ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានលម្អិតជាមួយអ្នក ដើម្បីឱ្យច្បាស់ប្រាកដថាព័ត៌មានទាំងនោះត្រឹមត្រូវ ហើយថាយើងនឹងធ្វើការថតពិនិត្យមនុស្សដែលត្រូវថត។ អ្នកឯកទេសថតកាំរស្មីអិក្សភេទស្រីម្នាក់ នឹងនាំអ្នកទៅកាន់បន្ទប់ថតពិនិត្យ ហើយអ្នកនឹងត្រូវដោះអាវចេញចាប់ពីចង្កេះឡើងលើ។ អ្នកអាចទាញក្តោបអាវ ឬប្រើអាវរងាររបស់អ្នក គ្របពីលើស្មារបស់អ្នក ប្រសិនបើអ្នកចង់ ឬអាវវែងពាក់រួចបោះចោលក៏មានផ្តល់ជូនតាមការស្នើសុំផងដែរ។
ពេលណាអ្នកត្រៀមខ្លួនរួចរាល់ អ្នកឯកទេសថតកាំរស្មីអិក្សនឹងដាក់ដោះមួយម្តងនៅលើបន្ទះម៉ាស៊ីនថតពិនិត្យដោះដោយប្រើកម្មរស្មីអិក្ស។ ម៉ាស៊ីននោះនឹងសង្កត់ផ្អឹបយ៉ាងណែនពីលើដោះរបស់អ្នករយៈពេល១០-១៥វិនាទី ដើម្បីថតយករូបភាព។ តាមធម្មតា គេថតយករូបភាពពីរចេញពីដោះនីមួយៗ គឺមួយត្រូវថតផ្នែកខាងលើដោះ និងមួយទៀតពីចំហៀងដោះ។ ស្ត្រីដែលមានដោះធំ អាចត្រូវការថតយករូបភាពបន្ថែម ដើម្បីធានាឱ្យឃើញគ្រប់ជាលិកាដោះទាំងអស់។ នៅពេលបានថតរូបភាពអស់ហើយ អ្នកនឹងអាចពាក់អាវឡើងវិញ ហើយការណាត់ជួបរបស់អ្នកនឹងត្រូវបានបញ្ចប់។
ពុំមានការពិនិត្យវិភាគលើរូបភាពរបស់អ្នកនៅពេលណាត់ជួបនោះទេ។ អ្នកឯកទេសថតកាំរស្មីអិក្សរបស់អ្នកដែលចាត់ចែងការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស នឹងពិនិត្យមើលរូបភាពរបស់អ្នកសម្រាប់គុណភាព បច្ចេកទេស។ បន្ទាប់មក គេនឹងបញ្ជូនរូបភាពរបស់អ្នកទៅអង្គភាពសម្របសម្រួលប្រចាំរដ្ឋរបស់យើងនៅក្រុងអាដឺឡែត ដែលនឹងត្រូវវិភាគដោយអ្នកឯកទេសផ្នែកកាំរស្មីអិក្សយ៉ាងតិចណាស់ពីរនាក់។
តើការថតពិនិត្យដោះឈឺចាប់ឬទេ?
ស្ត្រីជាច្រើនបារម្ភថាការថតពិនិត្យដោះនឹងមានការឈឺចាប់។ ការពិត គឺស្ត្រីម្នាក់ៗ មានលក្ខណៈខុសពីគ្នា។ អ្នកខ្លះនិយាយថាមិនសូវស្រួល អ្នកខ្លះទៀត និយាយថាមានការឈឺបន្តិចបន្តួច ហើយស្រ្តីខ្លះទៀតនិយាយថាអត់មានអីទាល់តែសោះ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនសូវស្រួល គឺវាគ្រាន់តែមានរយៈពេលតែពីរបីវិនាទីប៉ុណ្ណោះ។ នេះគឺដោយសារតែដោះរបស់អ្នកចាំបាច់ត្រូវមានការសង្កត់ផ្អឹបណែនជាប់នឹងម៉ាស៊ីនកាំរស្មីអិក្ស ដើម្បីឱ្យគេអាចថតយករូបភាពឱ្យបានច្បាស់។ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺពេក អ្នកអាចបញ្ឈប់ការថតនេះនៅពេលណាក៏បានដែរ។ សូមនិយាយជាមួយអ្នកឯកទេសថតកាំរស្មីអិក្សក្នុងអំឡុងពេលណាត់ជួបរបស់អ្នក ប្រសិនបើអ្នកមានការព្រួយបារម្ភ។
តើមានហានិភ័យពីវិទ្យុសកម្មឬទេ?
រាល់ពេលដែលអ្នកឱ្យគេថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស អ្នកត្រូវប្រឈមនឹងវិទ្យុសកម្មក្នុងកម្រិតតិចតួចបំផុត។ ម៉ាស៊ីនថតពិនិត្យដោះប្រើកាំរស្មីអិក្សកម្រិតតិចបំផុតនៃវិទ្យុសកម្មដែលអាចធ្វើទៅបាន ដើម្បីថតយករូបភាពប្រកបដោយគុណភាពខ្ពស់។ កម្រិតវិទ្យុសកម្មគឺប្រហាក់ប្រហែលនឹងកាំរស្មីអិក្សធម្មតាជាច្រើនដែលគេប្រើដើម្បីថតមនុស្ស ហើយត្រូវបានកំណត់ឱ្យមានកម្រិតតិចបំផុតបន្ថែមទៀតដោយការសង្កត់ដោះឱ្យណែន។ ការស្រាវជ្រាវបង្ហាញថាអត្ថប្រយោជន៍នៃការថតពិនិត្យជំងឺមហារីកដោះ មានច្រើនជាងហានិភ័យពីវិទ្យុសកម្ម។
តើគេសម្រេចលទ្ធផលរបស់ខ្ញុំដោយរបៀបណា?
ក្រោយពីការថតពិនិត្យដោះរបស់អ្នកហើយ រូបភាពរបស់អ្នកនឹងត្រូវបានវិភាគដោយអ្នកឯកទេសផ្នែកកាំរស្មីអិក្សឯករាជ្យយ៉ាងតិចណាស់ពីរនាក់។ អាស្រ័យទៅលើការរកឃើញរបស់ពួកគេ អ្នកនឹងទទួលបានលទ្ធផលមួយក្នុងចំណោមលទ្ធផលពីរ គឺ ‘មិនមានភស្ដុតាងនៃជំងឺមហារីកដោះទេ’ ឬក៏ ‘ត្រូវបានគេហៅមកវិញដើម្បីធ្វើតេស្តបន្ថែមទៀត’។
ជាធម្មតា អ្នកនិងវេជ្ជបណ្ឌិតដែលអ្នកបានជ្រើសរើសនឹងទទួលលទ្ធផលតាមរយៈប្រៃសណីយ៍ក្នុងរយៈពេល១៤ថ្ងៃនៃការណាត់ជួបរបស់អ្នក។ ដោយសារការធ្វើតេស្តនេះរកមើលតែជំងឺមហារីកដោះ ដូច្នេះការប្រែប្រួលណាមួយដែលមិនមែនជាជំងឺមហារីក (ឬដុំពកធម្មតា) នឹងពុំមានរៀបរាប់នៅក្នុងលទ្ធផលនោះឡើយ។
ចុះប្រសិនបើខ្ញុំចាំបាច់ត្រូវធ្វើតេស្តបន្ថែមទៀត?
ប្រហែលជា៥ភាគរយនៃស្ត្រីដែលបានថតពិនិត្យ នឹងត្រូវបានស្នើសុំឱ្យត្រឡប់ទៅ BreastScreen SA វិញដើម្បីការធ្វើតេស្តបន្ថែមទៀត។ នេះមិនមានន័យថាអ្នកមានជំងឺមហារីកដោះទេ ក៏ប៉ុន្តែពេលខ្លះចាំបាច់ត្រូវធ្វើតេស្តបន្ថែមទៀតដើម្បីបញ្ជាក់ឱ្យបានច្បាស់ប្រាកដ។ រឿងនេះ កើតឡើងជាញឹកញាប់ចំពោះស្ត្រីដែលមានការថតពិនិត្យដោះជាលើកដំបូងរបស់ពួកគេ ដោយហេតុតែមិនមានរូបភាពដោះថតដោយប្រើកាំរស្មីអិក្សពីគ្រាមុនៗដើម្បីធ្វើការប្រៀបធៀប។ អ្វីៗដែលមើលទៅហាក់ដូចជាមិនធម្មតានៅលើរូបភាពដោះថតដោយប្រើកាំរស្មីអិក្សលើកដំបូងរបស់អ្នក អាចជារឿងធម្មតាទាំងស្រុង។
ស្ត្រីត្រូវបានគេអញ្ជើញឱ្យត្រឡប់ទៅគ្លីនិកវាយតម្លៃដែលមានការតាំងចិត្តខ្ពស់របស់យើងនៅអាដឺឡែត ដែលពួកគេនឹងត្រូវធ្វើតេស្តមួយចំនួន រួមមាន ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សជាលម្អិតថែមទៀត ការធ្វើអេកូ (អ៊ុលត្រាសោន) ការពិនិត្យដោះនៅគ្លីនិក ហើយក្នុងករណីខ្លះអាចមានការកាត់យកជាលិកាបន្តិចដើម្បីយកទៅវិភាគ ។ នេះអាចជាបទពិសោធន៍ដែលគួរឱ្យព្រួយបារម្ភ ហើយក្រុមឯកទេសសុខភាពរបស់យើងនឹងធានាថាអ្នកមានផាសុកភាពតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលដែលអ្នកមកឱ្យគេពិនិត្យ។
ស្ត្រីភាគច្រើនដែលបានធ្វើតេស្តបន្ថែមទៀត បានទទួលការពង្រឹងទំនុកចិត្តថាពួកគេមិនមានជំងឺមហារីកដោះទេ។ ក្រោយមក ក៏មានការអញ្ជើញឱ្យពួកគេទៅថតពិនិត្យដោះនៅគ្រាបន្ទាប់របស់ពួកគេ នៅពេលដល់កំណត់ដែលត្រូវធ្វើ។
ចុះប្រសិនបើខ្ញុំមានជំងឺមហារីកដោះ?
បន្ទាប់ពីការណាត់ជួបគ្លីនិកវាយតម្លៃដើម្បីធ្វើរោគវិនិច្ឆ័យ ស្រ្តីមួយចំនួនតូច (តិចជាង១ភាគរយ នៃស្ត្រីរដ្ឋអូស្ត្រាលីខាងត្បូងដែលបានថតពិនិត្យ) នឹងទទួលលទ្ធផលថាមានជំងឺមហារីកដោះ ។ ក្រុមអ្នកឯកទេសផ្នែកសុខភាពរបស់យើង នឹងធ្វើការណែនាំអ្នកនូវដំណើរការនេះ ហើយពន្យល់ពីអ្វីដែលនឹងកើតឡើងបន្ទាប់ទៀត។
ទោះបីជា BreastScreen SA មិនព្យាបាលស្ត្រីដែលកើតជំងឺមហារីកដោះក្ដី ក៏យើងនឹងជួយអ្នករៀបចំតម្រូវការថែទាំនាពេលអនាគតរបស់អ្នកដែរ ដោយទាក់ទងវេជ្ជបណ្ឌិតរបស់អ្នក។ វេជ្ជបណ្ឌិតរបស់អ្នកនឹងពិភាក្សាជាមួយអ្នកអំពីការបញ្ជូនអ្នកឱ្យទៅជួបពេទ្យឯកទេស ការព្យាបាល និងជម្រើសនៃការពិនិត្យព្យាបាលថែទាំជាបន្តបន្ទាប់របស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺមហារីកដោះ អ្នកអាចចូលមើលវ៉ិបសៃថ៍របស់ Cancer Australia (ជំងឺមហារីក អូស្ត្រាលី)។
តើមានកត្តាហានិភ័យអ្វីខ្លះ សម្រាប់ការកើតមានជំងឺមហារីកដោះ?
មានកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យផ្ទាល់ខ្លួនរបស់អ្នកក្នុងការកើតជំងឺមហារីកដោះ។ ទាំងនេះរួមមានកត្តាផ្ទាល់ខ្លួនដូចជាភេទជាស្ត្រី អាយុរបស់អ្នក ប្រសិនបើអ្នកបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកដោះពីមុន ដង់ស៊ីតេដោះនីមួយៗរបស់អ្នក និងប្រវត្តិជំងឺនៃក្រុមគ្រួសាររបស់អ្នក។ កត្តាផ្សេងទៀតគឺជាកត្តានៃរបៀបរស់នៅ ដូចជារបបអាហាររបស់អ្នក តើអ្នកហាត់ប្រាណញឹកញាប់ប៉ុនណា តើអ្នកជក់បារី ឬពិសាស្រាជាប្រចាំ ឬអត់។ ប្រសិនបើអ្នកចង់វាយតម្លៃពីហានិភ័យរបស់អ្នក អ្នកអាចនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក ឬប្រើបញ្ជីសំណួរតាមអនឡាញខាងក្រោម នេះនៅត្រង់ www.breastcancerrisk.canceraustralia.gov.au.។
តើដង់ស៊ីតេដោះជាអ្វី?
ដោះរបស់ស្ត្រីផ្សំឡើងដោយជាលិកាខ្លាញ់ និងជាលិកានៃជាលិកាសរសៃ(មិនមែនខ្លាញ់)។ នៅលើរូបភាពដោះថតដោយប្រើកាំរស្មីអិក្ស ជាលិកាខ្លាញ់លេចឡើងជាពណ៌ខ្មៅ ចំណែកឯជាលិកាដោះដទៃទៀតលេចឡើងជាពណ៌ស ឬ ‘ណែន’។ បរិមាណប្រៀបធៀបគ្នានៃជាលិកាសរសៃ (តំបន់ពណ៌ស) នៅលើរូបភាពដោះថតដោយប្រើកាំរស្មីអិក្ស ត្រូវបានគេហៅថាដង់ស៊ីតេដោះ។
ដោយសារជំងឺមហារីកដោះក៏លេចឡើងជាតំបន់ពណ៌សនៅលើរូបភាពដោះថតដោយការប្រើកាំរស្មីអិក្សដែរ ដែលញ៉ាំងឱ្យដង់ស៊ីតេដោះឡើងខ្ពស់ បណ្ដាលឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការថតពិនិត្យដោះប្រើកាំរស្មីអិក្សក្នុងការបែងចែកញែកបង្ហាញឱ្យជាក់ច្បាស់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស នៅតែជាការធ្វើតេស្តថតពិនិត្យជំងឺមហារីកដោះល្អជាងគេដោយផ្អែកទៅលើចំនួនប្រជាជនសម្រាប់ស្ត្រីដែលមានអាយុពី៥០ ទៅ៧៤ឆ្នាំ រួមទាំងអ្នកដែលមានដោះណែនផងដែរ។
ដោះណែនគឺមានជាទូទៅ ហើយកើតមានឡើងជាធម្មតាចំពោះស្ត្រីប្រមាណជា៤០ភាគរយដែលមានអាយុលើសពី៤០ឆ្នាំ។
ដង់ស៊ីតេដោះរបស់អ្នក នឹងមានរាយការណ៍នៅក្នុងលទ្ធផលនៃការថតពិនិត្យដោះរបស់អ្នក។
ព័ត៌មានបន្ថែមទៀតអំពីដង់ស៊ីតេដោះ អាចរកបាននៅលើវ៉ិបសៃថ៍របស់យើង។
តើការថតពិនិត្យដោះជាទៀងទាត់មានអត្ថប្រយោជន៍អ្វីខ្លះ?
ការរកឃើញជំងឺមហារីកដោះនៅដំណាក់កាលដំបូង
នៅឆ្នាំ២០០៨ ការស្រាវជ្រាវក្នុងតំបន់បានរកឃើញថា ស្ត្រីក្នុងរដ្ឋអូស្ត្រាលីខាងត្បូងដែលមានអាយុពី៥០ ទៅ៦៩ឆ្នាំ ដែលទៅថតពិនិត្យដោះរៀងរាល់២ឆ្នាំម្ដង បានកាត់បន្ថយឱកាសនៃការស្លាប់ដោយសារជំងឺមហារីកដោះរហូតដល់ទៅ៤១ភាគរយ។*
ការព្យាបាលដែលពុំសូវទាក់ទងនឹងការវះកាត់
ចំពោះស្ត្រី១០០០នាក់ដែលបានថតពិនិត្យដោះ មានតែ៦នាក់ប៉ុណ្ណោះនឹងត្រូវបានរកឃើញថាមានជំងឺមហារីកដោះ។ ជំងឺមហារីកដោះដែលត្រូវបានរកឃើញតាមរយៈ BreastScreen SA ជាទូទៅមានទំហំតូចជាងធម្មតា ធ្វើឱ្យវាកាន់តែសាមញ្ញ និងងាយស្រួលដើម្បីព្យាបាល។ លទ្ធផលសុខភាពទូទៅរបស់ស្ត្រីក៏បានប្រសើរឡើងដែរ។
ការជឿជាក់ក្នុងចិត្ត
ស្ត្រីភាគច្រើនដែលបានទៅថតពិនិត្យដោះ នឹងទទួលលទ្ធផល ‘មិនមានភស្ដុតាងនៃជំងឺមហារីកដោះ’ ហើយមានអារម្មណ៍ជឿជាក់ក្នុងចិត្តថាពួកគេបានចាត់វិធានការមើលថែសុខភាពដោះរបស់ខ្លួន។
តើការថតពិនិត្យដោះមានដែនកំណត់ និងហានិភ័យអ្វីខ្លះ?
ទោះជាការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស ជាវិធីដែលមានប្រសិទ្ធិភាពបំផុតនៃការថតពិនិត្យរកជំងឺមហារីកដោះក្ដី ក៏វិធីនេះមានដែនកំណត់ដែលអ្នកចាំបាច់ត្រូវដឹងផងដែរ។
មានវត្តមាននៃជំងឺមហារីកដោះ ប៉ុន្តែរកមិនឃើញ
ការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស នឹងរកមិនឃើញនូវជំងឺមហារីកដោះទាំងអស់នោះទេ។ ជំងឺមហារីកមួយចំនួនគឺមិនអាចមើលឃើញនៅលើរូបភាពនៃការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សនោះទេ ឬជំងឺនេះអាចកើតឡើងក្នុងអំឡុងពេលថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សក៏អាចថាបាន។ មានឱកាសតិចណាស់ដែលជំងឺមហារីកអាចគេចពីការរកឃើញតាមរយៈការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស។ ហេតុការណ៍នេះអាចនាំឱ្យមានការធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកដោះដំណាក់កាលក្រោយមកទៀត។
ស្ត្រីតិចជាង១នាក់ ក្នុងចំណោម១០០០នាក់ដែលមានអាយុពី៥០ ទៅ៧៤ឆ្នាំ នឹងត្រូវបានរកឃើញថាមានជំងឺមហារីកដោះក្នុងរយៈពេល ១២ខែបន្ទាប់ពីការថតពិនិត្យដោះរបស់ពួកគេរួច។
កត្តាផ្សេងៗទៀតដែលរួមចំណែកដល់ប្រសិទ្ធភាពនៃការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស អាចរួមមានអាយុរបស់ស្ត្រី និងដង់ស៊ីតេដោះនីមួយៗរបស់ស្ត្រី។
រកឃើញជំងឺមហារីកដោះ តែការព្យាបាលគឺមិនចាំបាច់ (ការធ្វើរោគវិនិច្ឆ័យហួសកម្រិត)
ការថតពិនិត្យដោះក៏អាចរកឃើញជំងឺមហារីកដោះ ដែលពុំមានសក្តានុពលក្នុងការគំរាមកំហែងដល់អាយុជីវិតឡើយ។ នេះមានន័យថាស្ត្រីអាចជ្រើសរើសការព្យាបាលជំងឺមហារីកដែលអាចមិនបង្កគ្រោះថ្នាក់ដល់ នាង។ យ៉ាងណាមិញ ការព្យាបាលវា អាចបង្កគ្រោះថ្នាក់ដល់នាងវិញទេ។
គេមិនអាចប្រាប់ឱ្យដឹងច្បាស់នៅឡើយទេថាតើជំងឺមហារីកដោះមួយណាអាចនឹងគំរាមកំហែងដល់អាយុជីវិត ហើយមួយណាមិនអាចគំរាមកំហែងដល់អាយុជីវិត។
បានធ្វើតេស្តបន្ថែមទៀតហើយ ប៉ុន្តែមិនបានរកឃើញជំងឺមហារីកដោះទេ
ប្រសិនបើមានការរកឃើញនូវផ្នែកដែលនាំឱ្យព្រួយបារម្ភ ឬក៏មានការរកឃើញនូវភាពប្រែប្រួលណាមួយនៅក្នុងជាលិកាដោះរបស់អ្នកតាមរយៈការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្ស គេនឹងអញ្ជើញអ្នកឱ្យត្រឡប់ទៅគ្លីនិកវាយតម្លៃរបស់ BreastScreen SA វិញនៅក្រុងអាដឺឡែត ដើម្បីធ្វើតេស្តបន្ថែមទៀត។ ការធ្វើតេស្តទាំងនេះអាចរួមមានការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សបន្ថែមទៀត ការធ្វើអេកូ (អ៊ុលត្រាសោន) ហើយអាចមានការពិនិត្យដោះនៅគ្លីនិក ឬការកាត់យកជាលិកាបន្តិចដើម្បីយកទៅវិភាគ (ការធ្វើកោសល្យវិច័យ)។ ទោះជាពេលនេះអាចជាពេលគួរឱ្យថប់បារម្ភសម្រាប់ស្ត្រីក្ដី ក៏ស្ត្រីភាគច្រើននឹងត្រូវបានពង្រឹងទំនុកចិត្តថាពួកគេមិនមានជំងឺមហារីកដោះនោះទេ។
ហេតុអ្វីបានជាការយល់ដឹងអំពីដោះមានសារៈសំខាន់?
ទោះបីជាអ្នកមានការថតពិនិត្យដោះរៀងរាល់ពីរឆ្នាំក៏ដោយ ក៏ការយល់ដឹងអំពីដោះជារឿងសំខាន់ ពីព្រោះជំងឺមហារីកដោះអាចកើតមានឡើងគ្រប់ពេល។ នេះរាប់បញ្ចូលទាំងពេលវេលានៅចន្លោះពេលណាត់ជួបសម្រាប់ការថតពិនិត្យ។
ការយល់ដឹងអំពីរូបរាងទ្រង់ទ្រាយដោះ និងស្ថានភាពដោះរបស់អ្នកគឺជារឿងសំខាន់។ អ្វីដែលអ្នកគួរស្វែងរក រួមមាន៖
- ដុំពកថ្មី ឬភាពឡើងពកក្នុងដោះរបស់អ្នក ជាពិសេសប្រសិនបើវាកើតមាននៅក្នុងដោះតែម្ខាង
- មានការប្រែប្រួលទំហំ ហើយរូបរាងទ្រង់ទ្រាយដោះរបស់អ្នក
- មានការប្រែប្រួលនៅក្បាលដោះ ដូចជាឡើងក្រៀម មានដំបៅ ឡើងក្រហម ឬក្បាលដោះលឹបចូលក្នុង
- ការហូរចេញទឹករំអិលពីក្បាលដោះរបស់អ្នក ដែលកើតឡើងដោយមិនបាច់ច្របាច់ក្បាលដោះ
- មានការប្រែប្រួលនៅលើស្បែកដោះរបស់អ្នក ដូចជាឡើងក្រហម ឬស្រអាប់ ឬស្បែកដោះជ្រួញផតចូលក្នុង
- ការឈឺចាប់ដែលមិនបាត់ទៅវិញ។
ការប្រែប្រួលដោះភាគច្រើននឹងមិនបណ្តាលមកពីជំងឺមហារីកដោះទេ ក៏ប៉ុន្តែអ្នកគួរតែឱ្យវេជ្ជបណ្ឌិតពិនិត្យដើម្បីឱ្យបានច្បាស់ប្រាកដ។ ប្រសិនបើអ្នកកត់សម្គាល់ការប្រែប្រួលរូបរាង ឬក៏ស្ថានភាពដោះរបស់អ្នក ទោះបីជាការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សចុងក្រោយរបស់អ្នកមានលក្ខណៈធម្មតាក្ដី ក៏សូមទៅជួបវេជ្ជបណ្ឌិតរបស់អ្នកដោយកុំបង្អង់យូរ។
ដំបូន្មានដ៏មានប្រយោជន៍ដែលងាយអនុវត្ត ដើម្បីធ្វើឱ្យការទៅថតពិនិត្យរបស់អ្នកមានភាពកាន់តែងាយស្រួល
សូមកុំប្រើម្សៅហុយលាបខ្លួន ឬថ្នាំបំបាត់ក្លិនអាក្រក់នៅថ្ងៃណាត់ជួបរបស់អ្នក ពីព្រោះវាអាចប៉ះពាល់ការថតពិនិត្យដោះរបស់អ្នក។
- ពាក់សម្លៀកបំពាក់ពីរផ្នែកដាច់ពីគ្នា ពីព្រោះអ្នកនឹងត្រូវគេស្នើសុំឱ្យដោះអាវ និងអាវទ្រនាប់របស់អ្នកចេញនៅពេលថតពិនិត្យដោះ។
- សូមកុំភ្លេចយកប័ណ្ណមេឌីឃែររបស់អ្នកមកជាមួយពេលទៅជួបការណាត់របស់អ្នក ព្រមទាំងទម្រង់បែបបទយល់ព្រមរបស់អ្នកដែលបានបំពេញ និងចុះហត្ថលេខារួចស្រាប់។
- សូមអញ្ជើញមកមុនការណាត់ជួបរបស់អ្នកឱ្យបាន១០នាទី ដើម្បីឱ្យយើងអាចចាត់ចែងក្រដាសស្នាមរបស់អ្នក។
- ប្រសិនបើអ្នកមានការថតពិនិត្យដោះដោយប្រើកាំរស្មីអិក្សនៅកន្លែងផ្សេងទៀត សូមឱ្យបុគ្គលិកយើងបានដឹងនៅពេលអ្នកធ្វើការណាត់ជួប។
- បើអ្នកមានសំណួរអ្វីមួយ សូមសាកសួរបុគ្គលិកដ៏រាក់ទាក់របស់យើង។
តំណភ្ជាប់វ៉ិបសៃថ៍ដែលមានប្រយោជន៍ ឯកសារយោង និងឯកសារសម្រាប់អានបន្ថែមទៀត
Cancer Australia (ជំងឺមហារីក អូស្ត្រាលី)
Breast cancer risk calculator (ម៉ាស៊ីនគណនាហានិភ័យនៃជំងឺមហារីកដោះ)
breastcancerrisk.canceraustralia.gov.au
Australian Institute of Health and Welfare (វិទ្យាស្ថានសុខភាព និងសុខុមាលភាពអូស្ត្រាលី)
របៀបធ្វើការណាត់ជួប
ទូរស័ព្ទលេខ 13 20 50 ឬ ធ្វើការណាត់ជួបនៅទីនេះ ។
ឥតចាំបាច់ត្រូវការការបញ្ជូនពីវេជ្ជបណ្ឌិតទេ។
មានសេវាកម្មអ្នកបកប្រែភាសាដោយឥតគិតថ្លៃ ហើយមានផ្លូវចេញចូលសម្រាប់រទេះរុញមនុស្សពិការ។
ទីតាំងគ្លីនិករបស់ BreastScreen SA
អង្គភាពថតពិនិត្យចល័ត
អង្គភាពថតពិនិត្យចល័តបីរបស់យើងធ្វើដំណើរទៅតំបន់ជនបទ ទីដាច់ស្រយាល តំបន់ជាយក្រុង និងតំបន់ក្រៅទីក្រុងរៀងរាល់២ឆ្នាំម្ដង។ សូមបើកចូលទៅវ៉ិបសៃថ៍របស់យើងដើម្បីមើលទីតាំង និងព័ត៌មានលម្អិតអំពីការធ្វើដំណើរ។